រាជធានីភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ តាមមូលដ្ឋានទូទាំងប្រទេស បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន១១,៣៥២លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ចំនួន៦៣៧,៩២៨នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។
បើតាមអ្នកនាំពាក្យរងដដែល សកម្មភាពនៃការផ្សព្វផ្សាយនោះ បានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម តាមខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងជ្រួតជ្រាប និងរួមសហការជាមួយអាជ្ញាធរ ក្នុងកិច្ចការពារសុខសុវត្ថិភាពនៅតាមមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការរដ្ឋបាលមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែបានជំរុញ តម្រង់ទិស តាមដាន និងវាយតម្លៃយ៉ាងសកម្ម ដើម្បីធានាគុណភាពនៃការងារផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៥.ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕