General Commissariat of National Police
.

សមត្ថកិច្ចបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាម្នាក់អនុវត្តតាមច្បាប់

Loading

បាត់ដំបង ៖ កាលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោក ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៩៧៤គ្រាប់ និងបំណែកចំនួន ០១ថង់ ទម្ងន់ ១៩៥,៨៦ក្រាម ។

-អាវុធខ្លីចំនួន ០១ដើម ម៉ាករ៉ូឡូ ពណ៌ទឹកប្រាក់ លេខ 38 S&W SPL+P ផលិតនៅប្រទេសអាមេរិក ។

-គ្រាប់កាំភ្លើងចំនួន ២៥គ្រាប់ និងសំបកគ្រាប់ចំនួន ០៦គ្រាប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។

-រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA COROLLA ពណ៌បៃតងចាស់ បិតស្កុតពណ៌ស សេរីឆ្នាំ១៩៩៧ គ្មានផ្លាកលេខ ។

-សម្ភារសម្រាប់រំលែកច្រក និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី កំលាំងសមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការឆែកឆេរលំនៅដ្ឋានផ្ទះជនសង្ស័យ នៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៣,៩៩១គ្រាប់ ទម្ងន់ ១៣៧៥,៨៣ក្រាម ។

សរុបទាំង២លើក៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៥,៩៦៥គ្រាប់ ទម្ងន់ ១៥៧១,៦៩ក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕