រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនហង្សមាសគ្រុប នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់(MoU) ជាមួយគ្នា ស្ដីពីកិច្ចសហការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
ការចុះ MoU នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រធានគណកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងវិស័យសិល្បៈខ្មែរ សរុបជាង២០០នាក់។
ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះហត្ថលេខា ជាមួយអ្នកឧកញ៉ាអុឹង ឆៃងួន ជាអគ្គនាយកក្រុមហ៊ុនហង្សមាស គ្រុប ។
អ្នកឧកញ៉ា អុឹង ឆៃងួន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់ថ្នាក់ បុគ្គលិក និងសិល្បៈករ សិល្បៈការិនីនៃក្រុមហ៊ុនហង្សមាស គ្រុប ទាំងអស់ សូមចូលរួមយ៉ាងពេញទំហឹង និងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងប្រើប្រាស់គ្រប់មធ្យោបាយគ្រប់រូបភាព ដើម្បីសហការរួមគ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងណា អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាអធិបតី និងជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ នាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លា របស់អ្នកឧកញ៉ា អុឹង ឆៃងួន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោះស្រាយបញ្ហាគ្រឿងញៀនដែលបានបង្កជាផលប៉ះពាល់ និងជាក្តីកង្វល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយនោះ ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នេត្រ ភក្រ្តា ក៏បានពាំនាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនហង្សមាស និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាសិល្បករ សិល្បការនីទាំងអស់ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន សែន ចាត់ទុក «គ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់» ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងលើកបន្ថែមថា តារាល្បីៗរបស់ហង្សមាសអាចចូលរួមបញ្ជូនសារអប់រំគ្រប់ដណ្តប់លើប្រជាពលរដ្ឋបានទូទាំងប្រទេស ហើយការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋជាការងារសំខាន់បាំបាច់ហើយគ្រប់កម្មវិធីតន្រ្តី កីឡា របស់ហង្សមាសសុទ្ធតែអាចបញ្រ្ជាបសារគ្រឿងញៀន “ផ្ទះយើងគ្មានគ្រឿងញៀន ជាតិយើងគ្មានគ្រឿងញៀន គ្រួសារមានសុភមង្គល ” និងសូមឱ្យក្រុមហ៊ុនហង្សមាសប្រើប្រាស់គ្រប់មធ្យោបាយផលិតបទចម្រៀង ស្ពតអប់រំពីគ្រឿងញៀន និងបញ្ជូនសារអប់រំប្រជាពលរដ្ឋរាល់កម្មវិធីផ្សាយផ្ទាល់ទាំងកម្មវិធីតន្រ្តី កីឡាទៅកាន់ និងសូមស្មារតីរួម ឆន្ទះរួមរបស់យើងនាពេលនេះជាកិច្ចសហការយូរអង្វែង ក្នុងទិសដៅរួមកម្ពុជាគ្មានគ្រឿងញៀន ដើម្បីគ្រួសារមានសុភមង្គល និងចូលរួមជំរុញការទាញយកApp Nodrug ៖https://nodrugsnacd.com/download៕