KYIV, ថ្ងៃទី 21 ខែវិច្ឆិកា (Reuters) – កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេងទៅលើទីក្រុង Dnipro របស់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលអនុញ្ញាតឱ្យទីក្រុងគៀវ វាយប្រហារចូលទឹកដីរុស្ស៊ីដោយប្រើប្រាស់អាវុធទំនើបរបស់ប្រទេស លោកខាងលិច ដែលជាការកើនឡើងភាពតានតឹងបន្ថែមក្នុងសង្គ្រាមដែលមានរយៈពេល ៣៣ខែ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ដោយប្រើប្រាស់កាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេងប្រភេទថ្មី ដែលគេស្គាល់ថា “Oreshnik” ហើយបានព្រមានថា អាចនឹងបាញ់ជាច្រើនគ្រាប់ទៀត។ លោកបាននិយាយថា ជនស៊ីវិលនឹងត្រូវបានព្រមានមុនការវាយប្រហារដោយអាវុធបែបនេះនៅពេលក្រោយ។
លោកពូទីនបាននិយាយថា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋបាលរបស់ប្រធានាធិបតីចូ បាយឌិន អ៊ុយក្រែនបានវាយប្រហាររុស្ស៊ីដោយប្រើប្រាស់គ្រាប់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ០៦គ្រាប់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយមីស៊ីល Storm Shadow របស់អង់គ្លេស និង HIMARS ផលិតដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែវិច្ឆិកា។
លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិទាំងមូល ដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋបន្ទាប់ពីម៉ោង ០៨យប់នៅទីក្រុងម៉ូស្គូថា “ចាប់ពីពេលនោះមកជម្លោះក្នុងតំបន់នៅអ៊ុយក្រែនដែលបង្កឡើងដោយប្រទេសលោកខាងលិចកាលពីពេលមុន មានលក្ខណៈជាសកល”។