General Commissariat of National Police
.

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បន្តចុះអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងស្រវឹង

Loading

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង គ្រឿងញៀន នៅវេលាម៉ោង២៣ និង០០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៥  ទល់មុខវិទ្យាល័យឫស្សីកែវ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ រង្សី និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ជាស្នងការរង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ជាអធិការនគរបាលខណ្ឌឬស្សីកែវ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឡាយ កុសល និងលោកវរសេនីយ៍ទោ ឡេង សំបូរ អធិការរងខណ្ឌឫស្សីកែវ ដែលមានកម្លាំងចូលរួមសរុប៥២នាក់។

យោងតាមរបាយការណ៍នគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់សរុបចំនួន ៥០គ្រឿង ម៉ូតូ ៣០គ្រឿង រថយន្តចំនួន ២០គ្រឿង ក្នុងនោះរកឃើញមានយានយន្តល្មើសចំនួន ០៩គ្រឿង រថយន្តមានចំនួន ០១គ្រឿង និងម៉ូតូចំនួន ០៨គ្រឿង។ 

ជាតិអាល់កុលកម្រឹតពី០.២៥ mg/L ដល់ ០.៣៩mg/L មានចំនួន០៩គ្រឿង អ្នកបើកបររថយន្តគ្មាន និងអ្នកជិះម៉ូតូចំនួន០២នាក់។ ក្នុងនោះមានការផាកពិន័យនៅហ្នឹងគោលដៅមានចំនួន០៩គ្រឿង ក្រៅពីនោះម៉ូតូចំនួន០៨គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីតម្រូវឲ្យម្ចាស់ម៉ូតូចូលខ្លួនដោះស្រាយតាមច្បាប់ និងរថយន្ត០១គ្រឿងបានបញ្ជូនទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចដែលចុះអនុវត្តច្បាប់នៅតាមគោលដៅ ប្រយោជន៍ចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕