រាជធានីភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ឯកភាព និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមការស្នើសុំរបស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ បានដឹកនាំនាយនគរបាលជាតិនារីចំនួន ០៧រូប ជួបពិភាក្សាជាមួយតំណាងក្រសួងកិច្ចការនារី ដែលដឹកនាំដោយ លោកជំទាវ រុន សុវណ្ណទេវី និងលោកស្រី Carol Strickler ទីប្រឹក្សាអង្គការ UN WOMEN នៅសាលប្រជុំអគ្គស្នងការរងនគរបាលជាតិ អគារទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចជំនួបពិភាក្សាខាងលើ គោលបំណងដើម្បីស្វែងយល់ និងប្រមូលធាតុចូលអំពីស្ថានភាពលើរបៀបវារៈស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ (Situation Analysis on WPS ) នៅប្រទេសកម្ពុជា ដោយមានការគាំទ្រពីអង្គការ UN WOMEN ចាប់ពីខែឧសភា ឆ្នាំ២០២៤ ដល់ ខែតុលា ឆ្នាំ២០២៤ ដែលជាដំណាក់កាលចាប់ផ្តើមក្នុងការប្រមូលធាតុចូលដើម្បីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងដំណើរការរៀបចំផែនការសកម្មភាពជាតិស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ៕