ទីក្រុងសេអ៊ូល ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមសន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយគណៈប្រតិភូចូលរួមសរុបប្រមាណ ២០០នាក់ មកពីស្ថាប័នអន្តរជាតិចំនួន ៣ (INTERPOL, EUROPOL និង UNODC) វិស័យឯកជន និងមន្ត្រីអនុវត្តច្បាប់នៃប្រទេសចំនួន ១៩ រួមមាន៖សាធារណរដ្ឋកូរ៉េ កម្ពុជា អង់គ្លេស ចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី ថៃ វៀតណាម ព្រុយណេ ហ្វីលីពីន ឥណ្ឌូនេស៊ី អង់ហ្គោឡា អ៊ែលសាវាឌ័រ ហ្សកដានី កៀហ្ស៊ីស៊ីស្ថាន និងអូស្ត្រាលី។
សន្និសីទ បានបង្កើតឡើងក្នុងគោលបំណងចែករំលែកវិធានការ ដែលបានធ្វើឡើងដោយប្រទេសដែលចូលរួម និងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹងការប្រឆាំងការឆបោក និងអនុសាសន៍ លើការគំរាមកំហែងជាសកលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអ៊ិនធើណេត។ ផ្អែកតាមកម្មវិធី និងរបៀបវារ:ដែលបានកំណត់ គណប្រភិភូ បានចូលរួមកិច្ចពិភាក្សា និងស្តាប់ការចែករំលែកពីនិន្នាការនៃការឆបោក និងវិធានការឆ្លើយតបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Kim Byung-chan ប្រធាននាយកដ្ឋានស៊ើបអង្កេត នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕