General Commissariat of National Police
.

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការគ្រប់គ្រងត្រួតពិនិត្យសាធាតុញៀននិងសារធាតុគីមីផ្សំ

Loading

ភ្នំពេញ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន អង្គភាព ជាសមាជិកក្រុមការងារអន្តរក្រសួងគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសាធាតុគីមីផ្សំ ដើម្បីឱ្យកិច្ចសហការរវាងក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការបានថ្លែងថា និយាមនីតិវិធីប្រតិបត្តិនេះបង្កើតឡើងក្នុងគោលបំណងកំណត់ពីវិធានទាំងឡាយដែលត្រូវដាក់ឱ្យអនុវត្តសម្រាប់គ្រប់គ្រងត្រួតពិនិត្យលើការស្នើសុំនាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិ សារធាតុញៀននិងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើគោលការណ៍ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបទដ្ឋានគតិយុត្តរបស់ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មានវិសាលភាពគ្របដណ្តប់លើការអនុវត្តសកម្មភាពគ្រប់គ្រងត្រួតពិនិត្យ សារធាតុញៀនដូចមានចែងក្នុងតារាងទី១ ទី២ ទី៣ ឧបសម្ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងសារធាតុគីមីផ្សំពាក់ព័ន្ធការផលិតគ្រឿងញៀនចំនួន៦៩ប្រភេទដូចមានក្នុងឧបសម្ព័ន្ធទី១ នៃនិយាមនីតិវិធីប្រតិបត្តិនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព  ពិសេសបានបង្កើត“ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ” ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យការនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀននិងសារធាតុគីមីផ្សំ សំដៅបង្ការទប់ស្កាត់ការលួចបង្វែពីរគោលដៅប្រើប្រាស់ស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់នៅកម្ពុជាស្របតាមឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការបង្ការទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនពិសេសការបង្ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ដោយប្រើប្រាស់សារធាតុគីមីផ្សំ បង្ការនិងទប់ស្កាត់ការលួចបង្វែរសារធាតុគីមីពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស នៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំបន្តដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ឱ្យចូលរួមដឹកនាំសម្របសម្រួល សហការ អនុវត្តសកម្មភាពការងារគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំនាំចូលនាំចេញ ការដឹក​ជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំឱ្យបានម៉ឺងម៉ាត់និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ ធ្វើការត្រួតពិនិត្យជាប្រចាំលើការចែកចាយ ការដឹកជញ្ជូន ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចូលរួមអនុវត្តរាល់យន្តការត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំរបស់ក្រុមការងារអន្តរក្រសួងឱ្យមានប្រសិទ្ធភាពនិងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័ន/អង្គភាពអនុវត្តច្បាប់ពីការនាំចូល នាំចេញ ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលក្រសួង ស្ថាប័នរបស់ខ្លួនបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជូន៕