General Commissariat of National Police
.

អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច

Loading

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។

ដោយឡែកសភាពការណ៍បទល្មើស លួចម៉ូតូ១លើក (គោលដៅ ខ.៣.១ រង្វង់មូលនាងមច្ឆា)។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេត។

ចំពោះសភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ករណីលិចទូក៦លើក ស្មើ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើក នៅគោលដៅក.៣ម៉ូតូបុកភ្នាក់ងារសន្តិសុខ១លើក បណ្តាលរបួសស្រាលម្នាក់ ត្រូវបានក្រុមការងារបញ្ជូនសង្រ្គោះបឋមនៅស្នាក់ការប្រចាំការសុខា ភិបាល។

លទ្ធផលកិច្ចប្រតិបត្តិការ និងអន្ដរាគមន៍ សង្គ្រោះ កម្លាំងការពារគៅលដៅ បានរកឃើញករណីវង្វេងសាច់ញាតិ ចំនួន៣៩នាក់ (ជនជាតិឥណ្ឌាម្នាក់ មនុស្សចាស់៣នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន២៥នាក់ និងកំពុងបន្តស្វែងរកសាច់ញាតិចំនួន១៤នាក់ទៀត។

កម្លាំងការពារគោលដៅបានចុះធ្វើការសម្របសម្រួល និងបញ្ចប់ករណីទំនាស់ពាក្យសម្តី ១លើក បង្កឲ្យកើតមានអំពើហិង្សារវាងចំណុះទូកខេត្តកំពង់ធំ (១៩៧) និងចំណុះទូកខេត្តកណ្តាល (១៩៣)។ ករណីនេះពុំបណ្តាលឲ្យមានអ្នករងរបួសឡើយ។

កងកម្លាំងបានចេញអន្តរាគមន៍ជួយសង្រ្គោះករណីទូកលិចទឹកចំនួន៦ទូក ដោយជួយសង្រ្គោះកីឡាករបានទាំងអស់ និងសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន៧នាក់ ប្រកបដោយសុវត្ថិភា ព។

ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន៣,២៦៣នាក់ (ស្រី៨៣២នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន៥នាក់៕