រាជធានៅភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនិយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចុះល្បាតពិនិត្យស្ថានភាព និងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយមាត់ទន្លេ និងជុំវិញព្រះមរបរាជវាំង។
ជាការកត់សម្គាល់ នៅយប់ថ្ងៃទី៣ នៃព្រជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ប្រជាពលរដ្ឋបានសម្រុកចូលមកលេងកម្សាន្ដនៅតាមបណ្ដោយមាត់ទន្លេ, មុខព្រះបរមរាជវាំង និងទីតាំងសប្បាយដ្ឋានផ្សេងៗ ហាក់កើនឡើងជាងពីរថ្ងៃកន្លងទៅ។
ដោយឡែក ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕