ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ ផ្តើមនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកវរសេ នីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលមកប្រជុំជួរ ដើម្បីស្តាប់ការណែនាំក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកអធិការបានប្រជុំជួរធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទដែលមានភារកិច្ចចុះគោលដៅការពារក្នុងព្រះរាជពិធីបុណ្យអុំទូកត្រូវយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងសម្រួលចរាចរណ៍បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមដើរសប្បាយកំសាន្តក្នុងពិធីព្រះរាជពិធីបិណ្យអុំទូករយៈ ពេលចំនួន៣ថ្ងៃនេះ គឺថ្ងៃទី១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឲ្យមានប្រសិទ្ធភាព។
លោកអធិការបន្តថា បើក្នុងករណីប្រជាពលរដ្ឋយើងគាត់បាត់កូន ឬក្មេងៗវង្វេងម្តាយឱពុក វង្វេងបងប្អូនកម្លាំងនគរបាលតាមគោលដៅ បើបានឃើញត្រូវនាំគាត់រក្សាទុកនៅឯទីបញ្ជាការស្រាល ដើម្បីប្រកាសស្វែងរកសាច់ញាតិមិត្តគាត់។ ក្រៅពីនោះ អធិការរងប្រធានគោលដៅនិមួយៗ ត្រូវស្រង់វត្តមានមន្ត្រីឲ្យបានច្បាស់លាស់ ចៀសវាងអវត្តមានដោយមិនដឹងមូលហេតុ។
គួរបញ្ជាក់ថា ការប្រជុំជួរមានមន្ត្រីចូលរួមសរុបចំនួន ១២០នាក់ សិក្ខាកាមមកពីបណ្ឌិតសភានគរបាលចំនួន៦នាក់ ចែកចេញជា១១គោលដៅ និងកម្លាំងអន្តរាគមន៍ចំនួន៣០នាក់ផងដែរ៕