បាត់ដំបង៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៨និង០០នាទី នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ឈ្មោះ អី មែវ ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិចិន មានទីលំនៅប្រទេសចិន ។ សម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លាចំនួ ន ០៦ដុល្លា (ប្រាំមួយដុល្លា) និងទូរស័ព្ទដៃ HONOR 100Pro ចំនួន ០១គ្រឿង ពណ៌ស ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង រួមជាមួយក្រុមអន្តរាគមន៍បង្កាបង្ក្រាបខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ លុះដល់វេលាម៉ោង២១ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យបាន ០២នាក់ ១-ឈ្មោះ ប៉ែន ជីវា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ (អ្នកឆក់) និង២-ឈ្មោះ ឃឿត ចាន់នី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិអូមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកផ្សំគំនិត) និង៣-ឈ្មោះ ឃុម ភេទប្រុស អាយុ៣០ឆ្នាំ (រត់គេចខ្លួន) យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី ឈ្មោះ ប៉ែន ជីវា បានឃើញឈ្មោះ ឃុប ភេទប្រុស និងប្រពន្ធ ឈ្នោះ ចាន់នី បាននាំជនជាតិបរទេសម្នាក់ ភេទស្រី មកក្នុងរ៉ារថភ្លើង ពេលនោះឈ្មោះ ឃុប បានដើរមកប្រាប់ខ្ញុំថា គាត់ជាមួយប្រពន្ធគាត់កំពុងតែរៀបធ្វើស៊ីយកទូរសព្ទ័ដៃ ពីជនជាតិបរទេសនោះ ពេលគាត់និយាយចប់ គាត់បានយកអ្វីមិនដឹងនោះទេទៅភ្ជង់ពោះ ជនជាតិបរទេសនោះ និងបានអោបជាប់ ហើយគាត់បានញាក់ភ្នែកអោយខ្ញុំយកទូរសព្ទ័ដៃ ពីជនជាតិបរទេសនោះ ខ្ញុំបាទក៏ស្ទុះទៅឆក់ទូរសព្ទ័ពីដៃ រួចរត់គេចខ្លួនទៅ ។ វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃ HONOR 100Pro ចំនួន ០១គ្រឿង ពណ៌ស ជារបស់ជនរងគ្រោះ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕