General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាន់​ សំណាង​ អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​កិច្ចប្រជុំ​ ស្តី​ពី​ការ​ពង្រឹង​ការងារ​បុគ្គលិក​ សម្រាប់​នាយកដ្ឋាន​ អង្គភាព​ មន្ទីរ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​

Loading

​រាជធានី​ភ្នំពេញ​ ៖​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាន់​ សំណាង​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​ដឹកនាំ​ការងារ​បុគ្គលិក​ និង​ធនធានមនុស្ស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ ស្តី​ពី​ការ​ពង្រឹង​ការងារ​បុគ្គលិក​ សម្រាប់​នាយកដ្ឋាន​ អង្គភាព​ មន្ទីរ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​ កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​ពី​អនុប្រធាន​នាយកដ្ឋាន​ មន្ទីរ​ អង្គភាព​ទទួល​ការងារ​បុគ្គលិក​ ស្នងការ​រង​នគរបាល​រាជធានី​-​ខេត្ត​ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស​ និង​នាយការិយាល័យ​ជំនាញ​ដែល​ពាក់ព័ន្ធ​។​

​បន្ទាប់​ពី​បាន​ស្តាប់​ខ្លឹមសារ​ នៃ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​បែបបទ​រដ្ឋបាល​ របស់​ក្រុមការងារ​ជំនាញ​របស់​ការិយាល័យ​បុគ្គលិក​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​សំណើ​ព្រមទាំង​បញ្ហា​ប្រឈម​ ដែល​បាន​លើក​ឡើង​ដោយ​អនុប្រធាន​នាយកដ្ឋាន​ មន្ទីរ​ អង្គភាព​ទទួល​ការងារ​បុគ្គលិក​ ស្នងការ​រង​នគរបាល​រាជធានី​-​ខេត្ត​ ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស​ និង​នាយការិយាល័យ​ជំនាញ​ ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រួច​មក​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាន់​ សំណាង​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​ដឹកនាំ​ការងារ​បុគ្គលិក​ និង​ធនធានមនុស្ស​ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ដល់​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់​ ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ​និង​មមាញឹក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ពេល​នេះ​ ​ និង​បាន​លើក​ឡើង​ពី​ស្នាដៃ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​កន្លង​មក​ របស់​អនុប្រធាន​នាយកដ្ឋាន​ មន្ទីរ​ អង្គភាព​ ស្នងការ​រង​ និង​នាយការិយាល័យ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​អនុវត្ត​សម្រេច​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​បន្ត​ថា​ ផ្អែក​តាម​កម្មវិធី​នយោបាយ​នីតិកាល​ទី​ ៧​ នៃ​រដ្ឋសភា​,​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សា​ស្ត​ បញ្ច​កោណ​ដំណាក់កាល​ទី​១​ ដើម្បី​កំណើន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និង​ចីរភាព​ ដោយ​បន្ដ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​របៀបវារៈ​ធានា​ “​ប្រសិទ្ធភាព​សមិទ្ធកម្ម​”​ តាម​រយៈ​ការ​អនុវត្ត​អភិក្រម​ គឺ​“​ឆ្លុះកញ្ចក់​,​ ងូតទឹក​,​ ដុសក្អែល​,​ ព្យាបាល​ និង​វះកាត់​។​ ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ បន្ត​ថា​ កម្មវិធី​កំណែទម្រង់​នានា​ ថ្នាក់ដឹកនាំ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ ត្រូវធ្វើ​កំណែទម្រង់​ធនធានមនុស្ស​ ហើយ​ត្រូវ​ខិតខំ​ពង្រឹង​នូវ​អ្វី​ដែល​មាន​ស្រាប់​ ជា​ជាង​ការ​ពង្រីក​។​ ទន្ទឹម​នឹង​ការ​ពង្រឹងពង្រីក​នេះ​ផង​ដែរ​ សមត្ថភាព​របស់​បងប្អូន​ ក៏​ត្រូវ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​បរិបទ​សង្គម​ផង​ដែរ​។​
​ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អគ្គស្នងការ​រង​ ក៏​បាន​ផ្តាំផ្ញើ​ចំពោះ​ អនុប្រធាន​នាយកដ្ឋាន​ លោកស្នងការ​រង​ និង​នាយការិយាល័យ​បុគ្គលិក​ ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​ ៖
– ​លើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​ជាតិ​ ដែល​ខិតខំ​ធ្វើការ​ និង​គោរព​វិន័យ​
– ​ការងារ​ដែល​ពាក់ព័ន្ធ​ ត្រូវធ្វើ​តាម​ឋានានុក្រម​ តាម​ខ្សែបណ្តោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ មិន​ត្រូវ​រំលង​ឋានានុក្រម​ណាមួយ​ឡើយ​
– ​គោលការណ៍​ស្នើ​សុំ​ច្បាប់​ឈប់​សម្រាក​ ត្រូវ​អនុវត្ត​តាម​ប្រកាស​លេខ​ ៦៧១៧​ ប្រក​ ចុះ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ស្តី​ពី​សិទ្ធិ​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​សម្រាប់​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​
– ​ផ្សព្វផ្សាយ​អំពី​បទ​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ការ​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​
– ​ព្យាយាម​ហ្វឹកហ្វឺន​ដល់​បុគ្គលិក​នៅ​ក្នុង​អង្គភាព​ឱ្យ​ចេះ​មាន​ជំនាញ​ក្នុង​ការ​បំពេញការងារ​ឲ្យ​បាន​ល្អ​៕​