កំពង់ចាម៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយផែនការ ការពារ ក្នុងពិធីផ្សេងៗ នាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ វរសេនីយ៍ ស្នងការរង លោកអនុប្រធានផែន លោក/លោកស្រី នាយការិយាល័យជំនាញ លោក អធិការ/អធិការរងនគរបាលក្រុង-ស្រុក ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ បានសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះលទ្ធផលការអនុវត្តការងារជំនាញប្រកបដោយស្មារតីភាពទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព នាពេលកន្លងមកនេះ និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីបន្ដជំរុញ និងពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ឱ្យបានទាន់ពេលវេលា និងទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត ។ ក្នុងនោះ លោកឧត្តមសេនីយ៍ស្នងការ បានផ្សព្វផ្សាយណែនាំអំពីផែនការ ការពារក្នុងពិធីផ្សេងៗ
ពិសេសក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ថ្ងៃ១៤-១៦ ខែវិច្ឆិកា ខាងមុខនេះ ដែលត្រូវខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សម្រាប់អ្នកប្រើប្រាស់ផ្លូវដែលធ្វើដំណើរឆ្លងកាត់ទៅកំសាន្ដសប្បាយ នៅរាជធានីភ្នំពេញ នាឱកាសនោះ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំបន្ថែមនូវកត្ដាសាមគ្គីភាពផ្ទៃក្នុង បន្ដរួមគ្នាសហការក្នុងការងារជំនាញនីមួយៗ ឱ្យកាន់តែល្អប្រសើរ និងពង្រឹងវេនប្រចាំការ ប្រចាំបញ្ជា ២៤/២៤ម៉ោង និងការល្បាតចល័តក្នុងភូមិសា្រស្ដងាយរងគ្រោះ និងបន្ដចុះផ្សព្វផ្សាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាពឱ្យបានផុលផុស ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕