ខេត្តកែប ៖ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យ៉ង ថា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំលោក-លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីកងកម្លាំងនគរបាល ចូលរួម និងការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងមិទ្ទិញខួបលើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៤) ដែលប្រារព្ធធ្វើឡើងនៅឧទ្យានសម្តេចតេជោ ហ៊ុន សែន វិមានឯករាជ្យ ខេត្តកែប។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឩត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត នៃគណៈអភិបាលខេត្តកែប ដែលមានថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង១៣៤៤ អង្គ នាក់ អញ្ជើញនិងនិមន្តចូលរួម។
ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ។
ក្នុងបុព្វហេតុណាក៏ដោយទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានចាត់ទុកជាប្រវត្តិសាស្ត្រដែល កុលបុត្រជំនាន់ក្រោយត្រូវចូលរួមចងចាំ ថែរក្សា ការពារស្នាព្រះហស្ថនេះអោយខានតែបាន ដើម្បីកុំឱ្យជនណាក្រុមណាមកបំផ្លាញអុកឡុកទិវាដ៏មហោឡាឫកនេះឱ្យសោះ ព្រោះកាតព្វកិច្ចរបស់កុលបុត្រ ជំនាន់នេះគឺថែរក្សានូវស្នាដៃរបស់បុព្វបុរសជំនាន់មុន ហើយប្រឹងកសាងស្នាដៃរបស់ខ្លួនដើម្បីបន្សល់ទៅកូនចៅជំនាន់ក្រោយ៕