រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅនាយកដ្ឋានអង្គរក្ស ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលនៃវគ្គសិក្សា ដែលអានដោយ លោកវរសេនីយ៍ឯក ហ៊ឹង្ស វីរៈ អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងជាប្រធានក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរួចមក ឯកឧត្តម ឧត្តមសេនីឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឯកភាព និងអបអរសាទរ ដល់សិក្ខាកាមទាំងអស់ដែលបានទទួលជោគជ័យក្នុងវគ្គសិក្សានាឱកាសនោះ។
ឯកឧត្តម ឧត្តមសេនីឯក ង៉េង ជួ ក៏បានរំលឹកដល់ស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកន្លងមកបានរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើ ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រហូតដល់កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តថា ថ្វីត្បិតវគ្គនេះមានរយៈពេលខ្លីមែន ប៉ុន្តែវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ដល់សិក្ខាកាមដែលជាមន្ត្រីជំនាញ ដែលជាកម្លាំងប្រតិបត្តិការ ហេតុដូច្នេះហើយសិក្ខាកាមដែលបានចូលរៀនក្នុងវគ្គបណ្តុះបណ្ដាលនេះ ត្រូវយកចំណេះដឹងមេរៀនដែលទទួលបានទៅដកពិសោធន៍អនុវត្តការងារជាក់ស្ដែង និងស្រាវជ្រាវស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាមន្ត្រីជំនាញស៊ើបអង្កេតដែលពោរពេញទៅដោយចំណេះដឹង ជំនាញ និងសមត្ថភាព ព្រមទាំងក្លាយជាជនបង្គោលសម្រាប់បណ្តុះបណ្តាលបន្តដល់មន្ត្រីស៊ើបអង្កេតចំណុះអង្គភាពរបស់ខ្លួន ចាប់ពីស្នងការដ្ឋានរហូតដល់អធិការដ្ឋាន លើសពីនេះទៅទៀត ។
ដើម្បីអោយការងារមានប្រសិទ្ធបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានដាក់ចេញនៅគោលការណ៍សំខាន់ៗ ដល់សិក្ខាមដូចខាងក្រោម៖
១/. ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។
២/.គោរពដោយស្មោះត្រង់ចំពោះកម្មវិធីនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ។
៣/.យកចិត្តទុកដាក់ដល់កងកម្លាំង កសាងគំនិតប្រាជ្ញា ជំនាញ សមត្ថភាពដល់មន្ត្រីជំនាញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ មិនធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ។
៤/. អនុវត្តអោយបានល្អនូវតួនាទីភារកិច្ច ធ្វើជាសេនាធិការ ដល់អគ្គស្នងការនគរបាលជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្គាត់ បទល្មើសគ្រប់ប្រភេទអោយមានប្រសិទ្ធភាព និងមានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។
៥/.ត្រូវបន្តពង្រឹងដល់មន្ត្រីនូវសាមគ្គីភាពផ្ទៃក្នុង ព្រោះសាមគ្គីភាពផ្ទៃក្នុងមានតម្លៃណាស់ ដល់កិច្ចការងារក្នុងអង្គភាព ជាពិសេសជួរកងកម្លាំងក្នុងរង្វង់ប្រតិបត្តិការ ។
គូសបញ្ជាក់ផងដែរថា វគ្គសិក្សាដ៏មានសារៈសំខាន់នេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៤៥រូប មកពីបណ្តាស្នងការដ្ឋាន នគរបាលខេត្ត ចំនួន ១០រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រៃវែង៕