General Commissariat of National Police
.

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំពិធីបើកកិច្ចសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ

Loading

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីបើកកិច្ចសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ។

ពិធីបើកសវនកម្មផ្ទៃក្នុងនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាអនុប្រធានគណៈប្រតិភូ ដែលចុះមកធ្វើសវនកម្មផ្ទៃក្នុង។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានថ្លែងនូវការស្វាគមន៍ដល់គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជា តារា ដែលបានចុះមកធ្វើសវនកម្មនៅពេលនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានលើកឡើងអំពីបេសកកម្មស្នួលរបស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចូលរួមចំណែកធានាសន្ដិសុខ សណ្ដាប់ធ្នាប់ រក្សារបៀបរៀបរយ និងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើស។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបង្ហាញអំពីគោលបំណងសំខាន់ៗ នៃការចុះធ្វើសវនកម្មនៅពេលនេះ ជូនដល់ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអង្គពិធីទាំងមូល ដែលមានការចូលរួមពីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលការងាររដ្ឋបាល សរុប និងនាយការិយាល័យជំនាញទាំង១០។

សូមជម្រាបថា ក្នុងពិធីបើកការធ្វើសវនកម្មផ្ទៃក្នុងនាឱកាសនោះ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល សរុប ក៏ទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីឡើងរាយការណ៍ដោយសង្ខេបអំពីស្ថានភាពកម្លាំងរបស់នាយកដ្ឋាន និងលទ្ធផលការងារដែលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សម្រេចបានក្នុងរយៈពេល៧ខែកន្លងទៅនេះផងដែរ៕