(ភ្នំពេញ)៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖
ករណីអគ្គិភ័យទី១៖ នៅម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន KBH ផ្លូវលំ ក្រុមទី០៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានបណ្តាលឲ្យឆាបឆេះទូរកុងទីន័រចំនួន ០១ទូរអស់ទាំងស្រុង, ម៉ាស៉ីនភ្លេីងចំនួន០១គ្រឿង រួមទាំងសម្ភារៈគ្រឿងសំណង់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៣និង៤០នាទីរសៀលនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប។
ករណីអគ្គិភ័យទី២៖ នៅម៉ោង ៤និង០០នាទីល្ងាច នៅចំណុចផ្ទះលេខ១២៩ ផ្លូវបេតុង ក្រុមទី០២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានបណ្តាលឲ្យឆាបឆេះខូចខាចបន្ទប់ជាន់ទី៤ ចំនួន ០១បន្ទប់អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៤និង៤៥នាទីល្ងាចនាថ្ងៃដដែល ដោយក្នុងនោះ ប្រើប្រាស់រថយន្តការិយាល័យ រាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប។
លោកវរសេនីយ៍ទោ គង់ ថូ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវដោយរកឃើញថា ករណីទី១ បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ និងករណីទី២ បណ្តាលមកពីសាកថ្មទូរស័ព្ទ (ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ) ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។
ជាចុងក្រោយ លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការសំណូមពរដល់បងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ មកកាន់លេខ ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕