ខេត្តកំពត៖ ថ្ងៃសុក្រ១កើត ខែកក្តិក ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារ ចូលរួមសួរសុខទុក្ខ និងនាំយកថវិកា របស់លោកស្នងការខេត្ត ចំនួន ១.០០០.០០០.រៀល និងថវិកាបានមកពីការចូលរួមរបស់ កងកម្លាំង ក្នុងផែនការងារចំនួន ១.០០០.០០០រៀល ប្រគល់ជូនដល់លោកវរសេនីយ៍ឯក ភី នូច ឋានៈនាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តែងតែចាត់តាំងក្រុមការងារអញ្ជើញចូលរួម សួរសុខទុក្ខព្រមទាំងដោះស្រាយជាបន្ទាន់ នូវសម្ភារ និងថវិកាជូនដល់គ្រួសារ មន្ត្រីនគរបាលជាតិណាដែលមានទុក្ខធុរៈមិនដែលខកខាន។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត សួរសុខទុក្ខ ។ ទន្ទឹមនឹងគ្នានេះផងដែរ គ្រួសារលោកវរសេនីយ៍ឯក ភី នូច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលលោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែល មានទុក្ខលំបាក ដូចពេលនេះ៕