រាជធានីភំ្នពេញ ៖ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និង ឯកឧត្តម ឧត្តបសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន រយៈពេល ០៩ខែ ឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត របស់ផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌,
នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកនាយការិយាល័យនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមទាំងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ។
លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឡើងរាយការណ៍សង្ខេបស្ដីពីការបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន រយៈពេល ០៩ខែ ឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត របស់ផែនការងារប្រឆាំងគ្រឿងញៀន និងការធ្វើបទបង្ហាញស្តីពីលទ្ធផលការងារសម្រេចបានរយៈពេល០៩ខែ ឆ្នាំ២០២៤ និងសន្និដ្ឋាន វាយតម្លៃ (ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ) របស់លោកស្នងការរង ខេត្តបន្ទាយមានជ័យ, ស្នងការរងខេត្តស្វាយរៀង និងលោកស្នងការរងខេត្តស្ទឹងត្រែងរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឯកភាពតាមរបាយការណ៍ និងឯកភាពនូវសំណូមពរមួយចំនួនរបស់លោកស្នងការរង ហើយក៏មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលស្នងការរងរាជធានី-ខេត្ត មានកិច្ចសហការល្អជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនដ៏ច្រើននាពេលកន្លងមក។ ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តសូមឲ្យតាមបណ្តាស្នងការរាជធានី-ខេត្តទាំងអស់ បន្តកិច្ចសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជនឲ្យដល់ប្ញសគល់។
ឯកឧត្តម ឧត្តបសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពតាមរបាយការណ៍នៃកិច្ចប្រជុំ និងឯកភាពការធ្វើបទបង្ហាញរបស់លោកស្នងការរងដែលបានលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនៅក្នុងកិច្ចប្រជុំ ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានលើកយកអំពីគ្រឿងញៀនមួយប្រភេទ ដែលមានឈ្មោះថា «ពែនថាណុល» ដែលមានឥទ្ធិពលដោយគ្រាន់តែហិតគឺស្លាប់ភ្លាមៗ ដូចនេះយើងជាមន្រ្តីអនុវត្តច្បាប់ និងជាអ្នកបង្រ្កាបផ្ទាល់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រឿងញៀនប្រភេទនេះ ទោះជានៅក្នុងប្រទេសកម្ពុជាយើងមិនទាន់មានគ្រឿងញៀនប្រភេទនេះក៏ដោយ ក៏យើងត្រូវតែប្រុងប្រយ័ត្នជាមុន។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ លោកនាយក នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ និងលោកស្នងការរងរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំបន្តការគ្រប់គ្រងមុខសញ្ញាឲ្យបានច្បាស់លាស់ ពិសេសមុខសញ្ញាដែលចេញពីពន្ធនាគារ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកយក ផែនការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដោយផ្តោតទៅលើវិធានការសំខាន់ទាំង៥ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖ ១-វិធានការអប់រំ, ២-វិធានការរដ្ឋបាល, ៣- វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម, ៤-វិធានការអនុវត្តច្បាប់,និង៥-កិច្ចសហប្រតិបត្តិការអន្តរជាតិ) ។
ឯកឧត្តមបន្តថា ក្នុងវិធានទាំង៥នោះ ផ្តោតសំខាន់ទៅលើវិធានការរដ្ឋបាលដែល គណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៖
– ត្រូវរៀបចំបញ្ជី និងក្ដាប់ឱ្យបាននូវគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន និងត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកកាន់កាប់គ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំឱ្យ យកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រងឱ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឱ្យ កើតមានបទល្មើសគ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន
– ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ឬជាស្ថាពរចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែតបណ្ដោយ ឱ្យមានសកម្មភាពជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។
-ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ សហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស និងវិស័យឯកជននានា ដើម្បីមានវិធានការ និងមានកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើស គ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល។
ពីវេទិការអធិបតីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ក៏ឯកភាពតាមរបាយការណ៍ និងឯកភាពនូវសំណូមពរមួយចំនួនរបស់លោកស្នងការរងដែលបានលើកឡើង អំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ របស់លោកស្នងការរងក្នុងកិច្ចប្រជុំ។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន របស់លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនទាំងអស់ ហើយក៏សូមគាំទ្រ និងឯកភាពទាំងស្រុង នូវប្រសាសន៍ដឹកនាំរបស់ឯកឧត្តមនាយកមន្ទីរ។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ការិយាល័យទាំង១១របស់មន្ទីរប្រឆាំងគ្រឿងញៀន សូមឲ្យលោកនាយក នាយករងមន្ទីរផ្តោតការយកចិត្តទុកដាក់ទៅលើការងារស្នូលផង។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀន និងបញ្ហាប្រឈមនានា ដើម្បីជំរុញការងារបង្ការ ទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានដាក់ទិសដៅបន្តចំនួន ១០ចំណុច ៖
១-បន្តផ្តោតការយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំង ជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព បន្តអនុវត្តតាមទិសស្លោករបស់រាជរដ្ឋាភិបាល ៣កុំ ១រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន)។
២-បង្កើនកិច្ចសហការស្រាវជ្រាវប្រមូលព័ត៌មាន អំពីការវិវត្តសភាពការណ៍ដាំដុះរុក្ខជាតិញៀនខុសច្បាប់ ដើម្បីបង្ការ និងបង្ក្រាបការដាំដុះនៅទូទាំងរាជធានី ខេត្ត ដោយចុះត្រួតពិនិត្យនៅតាមភូមិសាស្ត្ររបស់ខ្លួន។
៣-បង្កើនការត្រួតពិនិត្យ ការគ្រប់គ្រងសារធាតុគីមីផ្សំដែលនាំចូលដោយស្របច្បាប់ ឱ្យបានហ្មត់ចត់ និងទប់ស្កាត់ បង្ក្រាបការនាំចូលនូវសារធាតុគីមីផ្សំដោយខុសច្បាប់។
៤-ត្រូវចេះសហការគ្នា និងសាមគ្គីភាពផ្ទៃក្នុង។
៥-បង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវ តាមជំនាញ នីតិវិធី និងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន។
៦-បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យទីតាំងសប្បាយរួមមាន ក្លឹមកម្សាន្ត ខារ៉ាអូខេ និងទីតាំងសប្បាយទូទៅ ដោយប្រើប្រាស់ ៣រួមមាន ៖ វិធានការអប់រំ វិធានការដ្ឋបាល និងវិធានការច្បាប់។
៧-បន្តជំរុញអនុវត្តវិធានការស្រាវជ្រាវ ស៊ើបអង្កេត មុខសញ្ញាសេសសល់ដែលមានដីកាចាប់ខ្លួន ជាពិសេសមេខ្លោង ដើម្បីបង្ក្រាបឱ្យដល់ឬសគល់ ។
៨-ជំរុញការងារស្រាវជ្រាវ ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដោយស្វែងរកទ្រព្យសម្បត្តិ សំដៅឈានដល់ការចោទប្រកាន់ ឃាត់ទុក បង្កក និងរឹបអូសជាសម្បត្តិរដ្ឋ ។
៩-ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ ពិសេសការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគីជាមួយប្រទេសជិតខាង ដើម្បីធានានូវគុណភាព និងប្រសិទ្ធភាព ។
១០-ត្រូវរួមគ្នាពង្រឹងសមត្ថភាពគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចមូលដ្ឋាន តាមច្រកទ្វារព្រំដែន តាមបន្ទាត់ព្រំដែន តាមប៉ុស្តិ៍រដ្ឋបាល ដើម្បីដោះស្រាយ ទប់ស្កាត់ ការនាំចូល ការដឹកជញ្ជូន ការលួចលាក់ កែច្នៃ ផលិតគ្រឿងញៀនមកកម្ពុជា៕