General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែបន្ត ឆ្នាំ២០២៤

Loading

ខេត្តកែប ៖ នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តកែប។

ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងមានការចូលរួមពីលោក លោកស្រីស្នងការរងគ្រប់ផែន លោក លោកស្រីស្នងការរងទទួលដឹកនាំការិយាល័យ នាយ នាយរងការិយាល័យ អធិការ អធិការរងនគរបាលក្រុង ស្រុកទាំង២ ប្រធានក្រុមចម្រុះនគរបាលខេត្តគ្រប់ក្រុម ប្រធានក្រុមអន្តរាគមន៍ទាំង៣ក្រុម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន១៥៣នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបស្តីពីលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ ដែលអានដោយ លោកវរសេនីយ៍ឯក អ៊ូច កុម្ភៈ នាយការិយាល័យសរុបផែនការ, អានសេចក្តីណែនាំលេខ ០១៤ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យបុគ្គលិក, ផ្សព្វផ្សាយផែនការការពារ ការប្រកួតកីឡាជាតិលើកទី៤ (កីឡាទ្រីយ៉ាត្លុង) អានដោយលោកវរសេនីយ៍ឯក ភោគ សំអុន ស្នងការរងជំនួយការដឹកនាំការិយាល័យទេសចរណ៍ និងការចូលរួមយោបល់ពីសមាជិកអង្គប្រជុំរួចមក។

មានប្រសាសន៍ទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវអំណរសាទរចំពោះសមិទ្ធផលការងារដែលរួមគ្នាខិតខំសម្រេចបានលទ្ធផលកន្លងមក និងបានដាក់ចេញនូវគោលការ ផែនការសំខាន់ៗដល់គ្រប់ផែន ពាក់ព័ន្ធការងារសន្តិសុខ ការបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ក្មេងទំនើង ការងារចរាចរណ៍ សណ្តាប់ធ្នាប់ ,ការងារជួញដូរមនុស្ស និងការពារអនីតិជន ការគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងណែនាំដល់គ្រប់ប្រធានវេនប្រចាំការគ្រប់អង្គភាព ត្រូវពង្រឹងកម្លាំងក្នុងវេនប្រចាំបញ្ជា ដើម្បីទ្រោលសភាពការណ៍ធានាបានម្ចាស់ការគ្រប់កាលៈទេសៈ ក្នុងការគ្រប់គ្រងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តទាំងមូល ពិសេសអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៕