រាជធានីភ្នំពេញ ៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីសហការជាមួយកម្លាំងសមត្ថកិច្ច ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅពេលខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៦ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានលើកឡើងថា កន្លងទៅភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមយ៉ាងសកម្មជាមួយកម្លាំងសមត្ថកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៃព្រះរាជពិធីនេះ ក៏ដូចជាពិធីផ្សេងៗផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នៅពេលខាងមុខនេះ ក៏បានដាក់បញ្ចូលនូវកម្លាំងភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីផងដែរ។ ហេតុនេះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សូមអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សូមចាត់ភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះតាមការកំណត់»។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជននេះ ក៏បានដើរតួនាទីជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅ នានា ២៤/២៤ម៉ោង។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ស្នើសុំដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបង្ការទប់ស្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសអោយទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌនានា។ តម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តថា ដើម្បីឲ្យមានសមត្ថភាពក្នុងការចូលរួមបង្ការបង្ក្រាប បទល្មើសតាមគោលដៅ យើងទាំងអស់គ្នាត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាល ឲ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ចនេះ។
នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើ ប្រធានបទសំខាន់ៗដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការ អនុវត្តការងារដូចជា៖ តួនាទីនិងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងវិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវ គោក ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់ ភ្នាក់ងារសន្តិសុខឯកជន វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពី អគ្គីភ័យ ការសង្គ្រោះបឋម និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕