រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក សារីហ្វ លូកម៉ាន ម៉ាហ្វូឌ ( Sharif LUKMAN MAHFOEDZ )
នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនស្មាត អាស្យតា ខូ អិលធីឌី ( SMART AXIATA CO.,LTD ) ពាក់ព័ន្ធនឹងការធ្វើបទបង្ហាញរាយការណ៍ពីសេវាកម្មបែបឌីជីថល រួមមានៈ ហត្ថលេខាអេឡិចត្រូនិច សេវាកម្មឆ្លាតវៃ និងផលិតផលនានា ដែលអាចនាំមកនូវអត្ថប្រយោជន៍ និងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជូនទៅដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕