General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្តកំពត បានដំណើរការបើកកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត

Loading

ខេត្តកំពត៖ នៅថ្ងៃចន្ទ១១រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០ នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត។ បានដំណើរការបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកអនុប្រធានការិយាល័យកណ្ដាល លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៦០១ លោក ប្រធានប៉ុស្តិ៍ច្រកទ្វារទ្វេភាគីតន់ហន់ លោកអធិការ.អធិការរង ទាំង ៩ ក្រុង.ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទាំង ៩៣ សរុបចំនួន ២៦៥ នាក់ ស្រី ១១ នាក់។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំខែ តុលា ឆ្នាំ២០២៤ ។
+ មតិចូលរួមបំពេញបន្ថែមរបស់ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរង ផែនការងារ បានណែនាំ ដល់អធិការនគរបាលក្រុង. ស្រុកត្រូវតាមដានមុខសញ្ញា ដែលចេញពីពន្ធនាគារ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
– ពាក់ព័ន្ធមុខសញ្ញាបទល្មើស ត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់ តាមដានស្រាវជ្រាវឱ្យបានជាប់ជាប្រចាំ។
– ពាក់ព័ន្ធការកសាងសំណុំរឿង ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់។
+ មតិចូលរួមរបស់វរសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានលើកឡើងជុំវិញការបង្រ្កាបបទល្មើសគ្រឿងញៀន តាមបណ្តាក្រុង ស្រុក មានការយកចិត្តទុកដាក់ ទទួលបានលទ្ធផលល្អ ទាំងកម្លាំងជំនាញការិយាល័យ ក៏ដូចជាកម្លាំងជំនាញអធិការដ្ឋាន។
– ពាក់ព័ន្ធការកសាងនីតិវិធី ត្រូវយកចិត្តទុកដាក់ ក្នុងពេលសួរចម្លើយ ពិនិត្យឱ្យបានត្រឹមត្រូវនូវបទល្មើស។
– ត្រូវយកចិត្តទុកដាក់លើវត្ថុតាង វេចខ្ចប់ឱ្យបានត្រឹមត្រូវ។
– យកចិត្តទុកដាក់និងតម្លើងបញ្ជីមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ហៅមកធ្វើប្រវត្តិរូប។
– ត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីកន្លែងសប្បាយ ក្លឹប ផ្ទះសំណាក់ និងកសាងភ្នាក់ងារផ្តល់ពត៌មាន។
– សូមឱ្យលោកអធិការត្រូវបន្តការបង្រ្កាបឱ្យបានជាប់ជាប្រចាំ បន្តការចុះផ្សព្វផ្សាយអប់រំ ពីគ្រឿងញៀន នៅតាមសាលានិងតាម វេទិកាសាធារណៈ។
+ មតិចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ងឹម វេត ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានលើកឡើងថាក្នុងខែតុលានេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងនៅតាមបណ្តាក្រុង ស្រុក គួរឱ្យកត់សម្គាល់។ នៅតាមបណ្តាគោលដៅអនុវត្តច្បាប់ចរាចរណ៍ត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ហើយគោលដៅអនុវត្តច្បាប់មិនត្រូវនៅមួយកន្លែងដដែល។
ប្រសាសន៍បូកសរុបនិងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់បន្ថែមលើបទវិន័យនគរបាលជាតិ ដល់មន្ត្រីថ្នាក់ប៉ុស្តិ៍រដ្ឋបាល ក្នុងការគ្រងឯកសណា្ឋនឲ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ ក៏ដូចជាកម្លាំងជំនាញក្នុងការិយាល័យ។
– អធិការក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ម្ចាស់ការខ្លួនឯង តម្លើងកាំមេរ៉ាសុវត្ថិភាព នៅតាមគោលដៅសំខាន់ក្នុងភូមិសាស្ត្ររបស់ខ្លួន។
– ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឲ្យបាននូវបញ្ហាក្មេងទំនើង និងគ្រឿងញៀន សហការគ្នាធ្វើឱ្យបានល្អ។
– លោកមេប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ជនបរទេសដែលចូលមកស្នាក់នៅ។
– ក្រុមការងារធ្វើអត្តសញ្ញាណប័ណ្ណចល័ត ត្រូវតែបន្តធ្វើនៅតាមបណ្តាក្រុង.ស្រុក តទៅទៀត។

មុនបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឲ្យមន្ត្រីនគរបាល នៅតាមបណ្តាការិយាល័យជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ទៅលើការងារជំនាញរបស់ខ្លួន ដើម្បីមានការអភិវឌ្ឍ និងសូមជូនពរដល់មន្ត្រីនគរបាលទាំងអស់ ឲ្យទទួលជោគជ័យគ្រប់ភារកិច្ច និងមានអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕