ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង ៦ និង០០នាទី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួម និងចាត់កម្លាំងពង្រាយក្នុងបរិវេណសួនច្បារមុខសាលាខេត្ត ព្រមទាំងគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងសំរោង ដើម្បីការពារសន្តិសុខសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីវាយគង ទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណសួនច្បារទល់មុខសាលាខេត្តឧត្ដរមានជ័យ។
ជាមួយគ្នានោះផងដែរ លោក ស្នងការនគរបាលខេត្ត បានពង្រាយកងកម្លាំងគ្រប់មូលដ្ឋានទូទាំងខេត្ត ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កបរិយាកាស សុខសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ តាមវត្តអារាម សាលារៀន រមនីយដ្ឋាននានាផងដែរ។
ដោយឡែកក្រៅពីការដាក់ពង្រាយកម្លាំងតាមបណ្តាគោលដៅសំខាន់ៗ នៅស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៥ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ បានត្រៀមកងកម្លាំង សម្ភារៈ មធ្យោបាយ អន្តរាគមន៍ សម្រាប់កិច្ចប្រតិបត្តិ សង្គ្រោះដល់ប្រជាពលរដ្ឋនាគ្រាជួបហេតុការណ៍ណាមួយដែលអាចកើតមានឡើងជាចៃដន្យ ផងដែរ៕