បាត់ដំបង ៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៣និង០៥នាទី នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះរបស់ជនរងគ្រោះ ឈ្មោះ រុន បញ្ញ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាត់អស់ទ្រព្យសម្បត្តិរួមមាន៖ ទូរស័ព្ទដៃស៊េរីចាស់ ០៧គ្រឿង, ដុំសាកថ្មទូរស័ព្ទដៃ ០៥គ្រឿង, កាសស្តាប់ ០៧គ្រឿង, ម៉ាស៊ីន មីក្រូស្កូប ០១គ្រឿង និងឆ្នាំងសាកមួយចំនួន ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រួមជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦:២៧នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឈានដល់ការកំណត់អត្តសញ្ញាណ និងធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ១-ឈ្មោះ ខៃ ដែន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពឆ្កឹះសោរទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះពិតប្រាកដមែន ។
វត្ថុតាងដកហូតបានរួមមាន៖
-ទ្រព្យសម្បត្តិរបស់ជនរងគ្រោះមួយចំនួន ។
-ម៉ូតូចំនួន ០១គ្រឿងម៉ាក HONDA ZOOMER x ពាក់ស្លាកលេខ ភ្នំពេញ 1FV-1642 ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕