រាជធានីភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញស្ដីពីការការពារ អង្កេត ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ និងការប្រមូលបញ្ជូន និងវិភាគទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានមានប្រសាសន៍ថា វគ្គបំប៉ននេះគឺជាវគ្គដ៏មានសារៈសំខាន់ ដែលពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល សម្រាប់បញ្ចូលព័ត៌មានរបស់ទិន្នន័យចរាចរណ៍ ស្របពេលសង្គមបច្ចុប្បន្នដើរតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងនាមជាមន្ត្រីរាជការបំរើប្រជាពលរដ្ឋ ត្រូវតែពង្រឹង និងអភិវឌ្ឍន៍ការងារជំនាញ ចំណេះដឹងរបស់ខ្លួនលើប្រព័ន្ធនេះបន្ថែមតាមរយៈវគ្គបំប៉ន ។
ឯកឧត្តមអគ្គស្នងការរង សង្ឃឹមថា ផ្ដើមចេញពីវគ្គបំប៉ននេះ គឺសិក្ខាកាមត្រូវយកចំណេះដឹង ជំនាញរបស់យើងទៅប្រើប្រាស់អោយត្រូវគោលដៅ បម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងឆន្ទៈ ពិសេសត្រូវបន្តចែករំលែកចំណេះដឹងដែលមានដល់មន្ត្រីបន្តវេន ក្នុងអង្គភាពសាមី ដល់បណ្ដាអធិការដ្ឋាន រហូតប៉ុស្តិ៍រដ្ឋបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា វគ្គបំប៉នការកសាងសំណុំរឿងចរាចរណ៍សំខាន់ណាស់ ហើយការបញ្ចូលទិន្នន័យនេះ ដែលយើងកំពុងតែចង់បាននឹងវិវត្តន៍ទៅកាន់សម័យឌីជីថល សូមអោយសិក្ខាកាមយកចិត្តទុកដាក់រៀនសូត្របន្ថែម ដែលជំនាញមួយនះ បានបំរើដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលតម្រូវអោយមន្ត្រីអនុវត្តច្បាប់មានភាពច្បាស់លាស់ ជំនួយដល់ការកសាងសំណុំរឿង ដាក់បន្ទុកលើភាគគីណាមួយតាមការវាស់វែង ការប្រមូលព័ត៌មាននៅកន្លែងកើតហេតុ ការប្រមូលវត្ថុតាង និងឈានរហូតដល់ការចាប់បញ្ជូនជនល្មើសទៅតុលាការតាមនីតិវិធី។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ការគ្រប់គ្រងទិន្នន័យ និងគ្រោះថ្នាក់ចរាចរណ៍ ដោយពីមុនរក្សាទុកលើក្រដាសស្នាម ដោយពេលនេះ យើងបានធ្វើបច្ចុប្បន្នភាពកាន់តែទំនើបជាងមុនតាមប្រព័ន្ធបច្ចេកវិទ្យា ដោយស្របទិសតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជារបស់យើងអោយដូចប្រទេសជឿនលឿនលើពិភពលោកផងដែរ ។
គូសបញ្ជាក់ផងដែរថា វគ្គបំប៉ននេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមមកពី ២៥ខេត្ត -រាជធានី និងមានសិក្ខាកាមសរុបចំនួន៦៨នាក់ ៕