ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុង ស្ទឹងសែន ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក
នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានលើកសរសើរចំពោះស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ សម្រាប់បេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡង ០៨-តុលា-២០២៤ នាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរ
គួរជាទីមោទនៈ ។
លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ បន្តថ្លែងថា យើងបានត្រៀមកងកម្លាំងនគរបាលជាតិ ចំនួន ៤១៧ នាក់ និងមធ្យោបាយ សម្ភារៈជាច្រើនទៀត សម្រាប់បេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងស្ទឹងសែន នៅថ្ងៃទី ១៦-១៧ ខែ តុលា ខាងមុខនេះ ដែលរដ្ឋបាលខេត្ត បានរៀបចំពិធីប្រណាំងទូក ស្ថិតនៅក្រុង ស្ទឹងសែន ក្នុងគោលបំណងបង្ករ បរិយាកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកំសាន្ត សប្បាយ និងដើម្បីសម្រង់ទូក ដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួម
ប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។
ជារៀងរាល់ឆ្នាំ ពិធីប្រណាំងទូក នៅខេត្តកំពង់ធំ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមទស្សនា កំសាន្ត ច្រើនកុះករ តាមកម្មវិធីសប្បាយភាពនានាដូចជា ÷ការសម្ដែងទស្សនីយភាព .សិល្បៈ .ប្រគំតន្ត្រី
.តាំងពិពណ៌ .បណ្ដែតប្រទីប .បាញ់កាំជ្រួច .បង្ហោះគោម ដើម្បីអបអរសាទរ នៃពិធីប្រណាំងទូក ដើម្បីបង្កបរិយាកាសល្អ ធានា រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អប្រសើរ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅធ្វើយ៉ាង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ភេទ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
លោកស្នងការនគរបាលខេត្ត ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដល់ប្រធានក្រុមគោលដៅនីមួយៗ ក្នុងបរិវេណប្រណាំងទូក ទ្រោលសភាពការណ៍ បានទាន់ពេលវេលា ឆ្លើយតបកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ ណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ ។
លោក បានផ្ដាំផ្ញើ ដល់កងកម្លាំង ដែលមានភារកិច្ច ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ ជូនអ្នកធ្វើដំណើរ ត្រូវប្រកាន់ខ្ជាប់ភាពអត់ធ្មត់ គោរពអនុវត្តវិន័យ សីលធម៌ រួមទាំងសំដីសំដៅ សុភាពរាបសារ ទន់ភ្លន់រួសរាយរាក់ទាក់ ជាមួយមហាជន មើងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ៕