General Commissariat of National Police
.

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវអនុប្រធានសេនាធិការ, ប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព, នាយ-នាយរងការិយាល័យចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរូមប្រារព្ធពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីចាប់ផ្ដើមធ្វើឡើងនាវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តស្នាដៃ និងកំពុងអនុវត្តជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលបានប្រារព្ធ ពិធីបើកការដ្ឋានសាងសង់ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ព្រមទាំងបង្កើន វិសាលភាព នៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី ដែលជាការរួមចំណែកដ៏សំខាន់សំរាប់បម្រើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលអនាគត៕