General Commissariat of National Police
.

សកម្មភាពនគរបាលខេត្តព្រៃវែង បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់តាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត  បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ជាតិសំខាន់់មានផ្លូវជាតិ លេខ១ លេខ៨ និង ១១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយ ប្រើប្រាស់កងកម្លាំងជំនាញការិយាល័យចំណុះ និងកម្លាំង អធិការដ្ឋាននគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក និងស្រុកពាមជរ  ដើម្បីបញ្ជៀសការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរជាពិសេស ក្នុងឱកាស ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ហើយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីស្រុកកំណើតទៅរាជធានីភ្នំពេញវិញរឺ ទៅតាមបណ្ដាខេត្តនានាមានដូចជា ខេត្តស្វាយរៀង ត្បូងឃ្មុំ ហើយធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្ត ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រើប្រាស់កងកម្លាំងអន្តរាគមន៍ជាច្រើននាក់ដើម្បីចុះជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋឲ្យទៅបានទាន់ពេលវេលាផងដែរចាប់តាំងពីថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងនាមនគរបាលខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែងទាំងអស់ សូមបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរត្រូវចេះយោគយលអធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេស មេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្នជានិច្ចរាល់ការធ្វើដំណើរ ដែលងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយ ៕