General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់តាំងពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៤ កម្លាំងនគរបាល បានពង្រាយកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់និងជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ជាតិសំខាន់ៗមានផ្លូវជាតិ លេខ១ លេខ៨ និង លេខ១១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ជំហ៊ានដំបូងប្រើប្រាស់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច និងស្រុកកំពង់ត្របែក ដើម្បីជៀសវាងការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរជាពិសេស ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរបានឈប់សម្រាកពីការងារ ហើយធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ត្រឡប់ទៅស្រុកកំណើត តាមបណ្ដាខេត្តនានាមានដូចជា ខេត្តស្វាយរៀង ត្បូងឃ្មុំ ហើយធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្ត ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានត្រៀមរួចជាស្រេចនូវកម្លាំងអន្តរាគមន៍ដើម្បីចុះជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋឲ្យទៅបានទាន់ពេលវេលាផងដែរ ។

ក្នុងនាមនគរបាលខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែងទាំងអស់ សូមបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរត្រូវចេះយោគយលអធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេស មេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច រាល់ការធ្វើដំណើរ ដែលងាយនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ៕