ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំក្រុមការងារចុះជួយគាំទ្រ និងពង្រឹងវិន័យកងកម្លាំងនគរបាល ដើម្បីប្រសិទ្ធិភាពការងារជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់។
ពិធីនេះក៏មានការចូលរួមអមដំណើរពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង និងមន្រ្តីពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់។ ថ្លែងក្នុងពិធីខាងលើលោកស្នងការ បានណែនាំផ្តាំផ្ញើ និងផ្តល់ជាបទពិសោធន៍ក្នុងការបញ្ជាដឹកនាំកងកម្លាំងចំនួន ១២ចំណុចដល់មន្រ្តីនគរបាលអនុវត្តច្បាប់ឲ្យចំទិសដៅដូចខាងក្រោម៖
១- ត្រូវពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣.ប្រ.ក.របស់ក្រសួងមហាផ្ទៃ។
២- ពង្រឹងការងារ ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
៣- ពង្រឹងបញ្ហាចរាចរណ៍ បង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ជាពិសេសកំណត់ភូមិសាស្ត្រងាយរងគ្រោះថ្នាក់កើតឡើង។
៤- ពង្រឹងសមត្ថភាពការងារ តាមរយៈការបណ្តុះបណ្តាល បើកវគ្គបំប៉នជំនាញរយៈពេលខ្លីវែង និងស្វែងយល់អំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានាជាប់ជាប្រចាំ។
៥- ត្រូវយកចិត្តទុកដាក់ កសាងអគារធ្វើការ អគារស្នាក់នៅជម្រុំជំរក កន្លែងហូបចុកសម្រាប់ឱ្យកងកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោងត្រៀមមធ្យោបាយសម្ភារៈសម្រាប់អន្តរាគមន៍ទាន់ពេលវេលា។
៦- ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងន័យការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អ។
៧- ត្រូវមានឆន្ទៈ មនសិកាវិជ្ជាជីវៈ ការលៈបង់ខ្ពស់ និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។
៨- ពង្រឹងការចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ និងបន្តចុះផ្សព្វផ្សាយតាមវេទិការសាធារណៈ អំពីផលប៉ះពាល់ នៃសារធាតុញៀន ក្មេងទំនើង តាមសាលារៀន សហគមន៍ វត្តអារាម ភូមិ ឃុំ សង្កាត់ដែលអាចធ្វើទៅបាន។
៩- ពង្រឹងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែងឲ្យបានយកទៅប្រើប្រាស់ទាន់ពេលវេលា។
១០- ពង្រឹងតួនាទីភារកិច្ចជាមន្រ្តីនគរបាលអនុវត្តច្បាប់ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្ភារៈរបស់អង្គភាពដែលក្រសួងមហាផ្ទៃប្រគល់ជូន ត្រូវតែថែរក្សាស្រឡាញ់ឲ្យដូចរបស់ខ្លួនដែរ។
១១- ពង្រឹងការចុះសិក្សាស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មី ទាំងមានដីការ គ្មានដីការ ព្រមទាំងទីតាំងបញ្ចាំទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណឲ្យបានច្បាស់លាស់ ដើម្បីភូមិ ឃុំ សង្កាត់ គ្មានបទល្មើសចោរកម្មលួច ឆក់ ប្លន់។
១២- ត្រូវតែលើកទឹកចិត្តចំពោះមន្រ្តីគ្រប់រូបណាដែលខិតខំបំពេញតួនាទីភារកិច្ចកន្លងមកបានល្អផ្តល់រង្វាន់ ឋានន្តរស័ក្តិ តួនាទីជាដើម។ នេះបើយោងតាមការបញ្ជាក់ពីលោកស្នងការ បានឲ្យដឹងថា នេះជាស្រុកទី ៨ក្នុងចំណោមស្រុក ក្រុងទាំង១០ ដែលលោកស្នងការចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលខេត្តតាកែវ៕