General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញកោសលវិច័យ DNA នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

Loading

កំពង់ធំ ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញកោសលវិច័យDNA ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម ស៊ុនតារា អនុប្រធានសេនាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត, លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន, លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, លោក ជិន ប៉ូលីនណា ប្រធានការិយាល័យនិយ័តសុខាភិបាល, លោកស្នងការរង នាយការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។

បន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ អានរបាយការណ៍ស្វាគមន៍ ក៏ដូចជាសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ជំនសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពចំពោះរបាយការណ៍ និងថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់ ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញកោសលវិច័យ DNA នាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនករបាលជាតិ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ដូខខាងក្រោម៖

-រក្សាវិន័យកងកម្លាំងនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន

-ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម

-រក្សាបានសាមគ្គីភាពផ្ទៃក្នុង

-ទទួលខុសត្រូវចំពោះជំនាញ និងភារៈកិច្ចរបស់ខ្លួនដែលថ្នាក់លើប្រគល់ជូន

-ថែរក្សាសុខភាពឲ្យបានល្អ រស់នៅមានអនាម័យគ្រប់ៗគ្នា

-ត្រូវអប់រំបងប្អូន កូនចៅកូនចៅឲ្យជៀសផុតពីគ្រឿងញៀន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ក៏បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់មន្ត្រីនគរបាល ជាពិសេសសម្រាប់មន្ត្រីស៊ើបអង្កេត និងមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ដែលមានតួនាទីភារកិច្ចចុះស្រាវជ្រាវ និងពិនិត្យទីកន្លែងកើតហេតុ។ ពិតណាស់នៅក្នុងមេរៀន បានសង្កត់ធ្ងន់ស៊ីជម្រៅទៅលើស្នាមរបួសលើជនរងគ្រោះ សាកសព ការហ៊ុំព័ទ្ធទីកន្លែងកើតហេតុ ស្រាវជ្រាវស៊ើបរុករកវត្ថុតាង ចាប់យកវត្ថុតាង សំណាកជីវសាស្រ្ត ការថែរក្សាវត្ថុតាង ការវេចខ្ចប់ ការបញ្ជូនវត្ថុតាងទៅមន្ទីរពិសោធន៍នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដូចនេះ សូមសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រទ្រឹស្តី និងការរៀបចំឲ្យមានទីកន្លែងកើតហេតុជាក់ស្តែង ដើម្បីឲ្យសិក្ខាកាមអនុវត្តផ្ទាល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ចាក់ថា នេះជាវគ្គទី៣ហើយ ដែលយើងបានបើកវគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤នេះ ដោយវគ្គទី១ ធ្វើឡើងនៅថ្ងៃទី០៣ ដល់ថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ មានស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៥ ចូលរួមមាន ខេត្តព្រះសីហនុ, កោះកុង, កែប, កំពត និងកំពង់ស្ពឺ ។ វគ្គទី២ ធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង មានស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៥ ចូលរួមមាន ខេត្តបាត់ដំបង, កំពង់ឆ្នាំង, ពោធ៍សាត់, ប៉ៃលិន និងបន្ទាយមានជ័យ និងវគ្គទី៣នេះ ធ្វើឡើងនៅថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ ដោយមានស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៥ ចូលរួមមាន សិក្ខាកាមសុប ៦០រូប ក្នុងនោះ ខេត្តកំពង់ធំ ២០រូប, សៀមរាប ១៤រូប, ព្រះវិហារ ៩រូប, ឧត្តមានជ័យ ៦រូប និងកំពង់ចាម ១១រូប។ ដោយឡែកវគ្គទី៤ យើងនឹងបន្តធ្វើនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងវគ្គទី៥ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានលើកអំពីចំណុចសំខាន់ៗមួយចំនួន ដែលជាការខិតខំយកចិត្តទុកដាក់របស់ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅក្នុងអណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានការអនញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តទូទាំងប្រទេស ដោយផ្តោតលើមុខជំនាញថ្មីកោសលវិច័យ DNA ដូចជា៖

១-ការពិនិតវត្ថុតាង

២-ចាប់យកវត្ថុតាង

៣-រក្សាទុកវត្ថុតាង

៤-ការបញ្ជូនសំណាកDNA

៥-ការរៀបចំឯកសារសំណុំរឿង

៦-បណ្តុះបណ្តាលលើវិធីសាស្រ្ត ប្រើប្រាស់ឧបករណ៍DNA វិធីសាស្រ្តទាញយកសំណាក DNA ការយកគំរូ DNA និងវិភាគទិន្នន័យDNA។

ចុងក្រោយជំនួសមុខឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានរំលឹក និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ថា វគ្គទី៣នេះពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ចំពោះជំនាញ បទពិសោធន៍ថ្មី ដែលលោកគ្រូបានចែករំលែកយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីយកទៅអនុវត្ត និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងលោកឧត្តមសេនីយ៍ទោអនុប្រធាននាយកដ្ឋាន ព្រមទាំងសហការីទាំងអស់ ដែលបានរៀបចំដំណើរការវគ្គបណ្តុះបណ្តាលនេះ៕