រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលដណ្តើមបានជ័យជម្នះក្នុងប្រកួតទី២ លើក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ៣សិតទល់០សិត នៃពានរង្វាន់បាល់ទះ SAMDECH MOHA BORVOR THIPADEI -2024 SEA V LEAGUE CHALLENG នារាត្រីថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ នៅវិមានពហុកីឡដ្ឋានជាតិ (ស្តាតឣូឡាំពិក) រាជធានីភ្នំពេញ។
តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជា កាន់តែមានឱកាសខ្ពស់ក្នុងការសន្សំពិន្ទុឡើងទៅប្រកួតបន្តក្នុងពានរង្វាន់ 2025 SEA V LEAGUE ខាងមុខ។ យ៉ាងណាក្តីយើងនៅសល់១ប្រកួតក្នុងដៃ ដោយត្រូវប៉ះក្រុមសិង្ហបុរី នៅល្ងាចថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ។
គិតត្រឹមពេលនេះក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅមានឱកាសក្នុងដៃ ទាំងកៅអីពានរង្វាន់ 2025 SEA V LEAGUE និងជាបេក្ខភាពក្នុងការដណ្តើមប្រាក់រង្វាន់សម្តេចបវធិបតី SAMDECH MOHA BORVOR THIPADEI -2024 SEA V LEAGUE CHALLENG នៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ។
សូមអរគុណដល់ក្រុមការងារគ្រូបង្វឹក កីឡាករ ដែលបានខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិជាបន្តបន្ទាប់។ សូមអរគុណដល់ក្រុមការងារ គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលរួមគ្នាទទួលធ្វើជាម្ចាស់ផ្ទះប្រចាំព្រឹត្តិការណ៍តំបន់អាស៊ាន មួយនេះដំណើរការដោយរលូន។
ជាមួយគ្នានេះដែរ សូមពុកម៉ែ បងប្អូនជនរួមជាតិ ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះ បន្តជួយលើកទឹកចិត្តដល់ប្អូនៗកីឡាករ មកពី ៤ប្រទេស ដែលរួមមាន ៖ កម្ពុជាយើង ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវប្រកួតនៅសល់ ២ថ្ងៃ ថ្ងៃខាងមុខទៀត ឱ្យបានច្រើនកុះករ៕