រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៨និង០០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាបាល់ទះអន្តរជាតិដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ ថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ តំណាងស្ថានទូតម៉ាឡេស៊ី តំណាងអភិបាលរាជធានីភ្នំពេញ ព្រមទាំង អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ទ្ធកីឡាបាល់ទះកម្ពុជា មន្ត្រីអាជ្ញាកណ្ដាលជាតិ អន្តរជាតិ ប្រតិភូ កីឡាករប្រទេសកម្ពុជា ឡាវ ម៉ាឡេសុី និងប្រទេសសិង្ហបុរី៕