រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”
នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានសិក្ខាកាមជាស្នងការរង នាយការិយាល័យ និងនាយរងការិយាល័យ មកពីបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៤៥រូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានមានប្រសាសន៍ថា ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ មិនមែនជាការងារដែលធ្វើមួយថ្ងៃចប់នោះទេ ដូច្នេះមន្ត្រីដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនេះ ត្រូវយកចំណេះដឹងមេរៀនដែលទទួលបានពីការបណ្ដុះបណ្ដាលទៅស្រាវជ្រាវ និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាគ្រូឧទ្ទេសដែលប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់បណ្តុះបណ្តាលបន្តដល់មន្ត្រីស៊ើបអង្កេតចំណុះអង្គភាពរបស់ខ្លួន ចាប់ពីស្នងការដ្ឋានរហូតដល់អធិការដ្ឋាន និងក្លាយជាមន្ត្រីទំនាក់ទំនងការងារបច្ចេកទេសដ៏សំខាន់ជាមួយក្រុមការងារ បសប.ហភ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងកិច្ចការងារប្រឆាំងការសម្អាតប្រាក់។
ឯកឧត្តមបានបន្តថា នេះជាវគ្គបណ្ដុះបណ្ដាលខុសពីវគ្គផ្សេងៗ ដែលក្រុមការងារ បសប.ហភ បានរៀបចំឡើងក្នុងគោលបំណងបង្កើតឱ្យមាន បង្កើតមន្ត្រីបង្គោល តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយសង្ឃឹមខ្ពស់ថា លោក លោកស្រី ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ដែលទទួលបានវិញ្ញាបនបត្រជាមន្ត្រីបង្គោល ក៏ជាសិក្ខាកាមដែលបានបញ្ចប់ដោយជោគជ័យក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងបណ្ដុះបណ្ដាលបន្តដល់មន្ត្រីក្នុងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត របស់ខ្លួន៕