General Commissariat of National Police
.

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ចាមពិភាក្សា លើការផ្សព្វផ្សាយជំរុញការទាញយកនិងប្រើប្រាស់App NoDrug

Loading

ខេត្តកំពង់ចាម៖ ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្កកំពង់ចាម ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ខ្លូត ចិន្តា ក្នុងគោលបំណង ពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន និងពិភាក្សាការងារផ្សព្វផ្សាយ ពីការងារជំរុញការទាញយកនិងប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានមានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានបញ្ជូនក្រុមការងារមកប្រជុំពិភាក្សាការងារនិងបានរាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការងារផ្សព្វផ្សាយរយ:ពេល៦ខែឆ្នាំ២០២៤មានចំនួន៣៨៧៨លើកលើចំនួនជាង២៥៧ពាន់នាក់ និងបានផ្សព្វផ្សាយApp Nodrug តាមប្រព័ន្ធសង្គមទៅមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងបានរៀបផែនការសកម្មភាពនឹងចុះផ្សព្វផ្សាយ ទាញយកApp Nodrug ផ្ទាល់លើគោលដៅបី៖មានមន្រ្តីរាជការ អប់រំ និងវេទិកាសាធារណ:ជាមួយប្រជាពលរដ្ឋ។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:បានពាំនាំការសួរសុខទុក្ខ អរគុណ កោតសសើរ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ ទទួលបានផ្លែផ្កាល្អ។

ក្នុងប្រជុំនោះក្រុមការងារទាំងពីរបានពិភាក្សាពីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន យន្តការ និងវិធានការសម្រាប់ ជំរុញការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន កម្មវិធី App NoDrugនិងបានពិភាក្សាពីយន្តការនិងវិធានការសម្រាប់ផ្សព្វផ្សាយជំរុញការទាញយកនិងប្រើប្រាស់App NoDrug ពិសេសលើគោលដៅទាំងបី ដែលបានលើកឡើងដោយលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកំពង់ចាម៕