ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលជំនាញទូទាំងខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះផ្សព្វផ្សាយ សម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ និងចុះផ្សព្វផ្សាយជាប្រចាំ តាមបណ្ដាសាលារៀន ទីផ្សារ និងដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយស្រួលឆ្លងផ្លូវចូល និងចេញ ពីសាលារៀន ទីផ្សារ ទីប្រជុំជននានា នៅតាមរោងចក្រសហគ្រាសតូចធំជាដើម ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពេលបើកបរ និងប្រេីប្រាស់ដងផ្លូវត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវបន្ថយល្បឿន សម្រាប់ធ្វើដំណើរក្នុងទីប្រជុំជន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចមុខសាលារៀន និងទីប្រជុំជននានាផងដែរ៕