រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត(Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ គោលបំណងដើម្បីពិនិត្យ និងវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែន ជាពិសេសការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធ Online ដែលនគរបាលជាតិកម្ពុជា បាននឹងកំពុងចាត់វិធានការយ៉ាងសស្រាក់សស្រាំ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា៕