បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៤(គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤) និងដាក់ចេញទិសដៅអនុវត្ត ការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ទាំង៦៧ និង លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤ ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់អង្គភាពពាក់ព័ន្ធចំណុះស្នងការដ្ឋានទាំងអស់ រហូតសម្រេច បានលទ្ធផលគួរជាទីមោទនះ។ ទន្ទឹមគ្នានោះលោកក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពសម្រាប់កងកម្លាំងអនុវត្តខែបន្ទាប់ដូចតទៅនេះ៖
– ត្រូវពង្រឹងការងារភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណះសង្គម។
– ពង្រឹងការផ្តល់សេវាសាធារណះ ជូនពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស។
– សហការស៊ើបអង្គេតស្រាវជ្រាវចុះត្រួតពិនិត្យ លុបបំបាត់ទីផ្សារផលចោរកម្ម និងកន្លែងទទួលបញ្ចាំ ធ្វើអាជីវកម្មខុសច្បាប់ ល្បែងស៊ីសង ល្បែងភ្នាល់តាមអេឡិចត្រូនិច ហ្គេមអនឡាញគ្រប់រូបភាព។
– បន្តជម្រុញសកម្មភាពបង្កា បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងក្មេងទំនើងតាមមូលដ្ឋាន។
– កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ អធិការដ្ឋានក្រុង/ស្រុក និងការិយាល័យជំនាញខេត្ត ត្រូវបន្តពង្រឹងការទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព។
– ពង្រឹងការអនុវត្តន៍ ផែនការលេខ០២៣/ផក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្ត្រី និងកុមារ។
– បន្តរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងចុះផ្សព្វផ្សាយតាមវេទិការសាធារណះឲ្យបានទូលំទូលាយ។
– បង្កើនការគ្រប់គ្រង ការចុះបញ្ជីធ្វើសំរង់ស្ថិតិប្រជាពលរដ្ឋ និងជនបរទេស ស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក
– ជម្រុញកម្លាំងជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។
– ពង្រឹងការប្រចាំបញ្ជា ការយាមល្បាត និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕