កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន , ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងគណៈប្រតិភូអមដំណេីរទាំងអស់ បានចុះមកត្រួតពិនិត្យសមិទ្ធិផលនានា នៅកំពង់ផែពហុបំណង ស្ថិតនៅក្នុងភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ជាលទ្ធផលមានដូចជា ៖ ១. ទំហំផ្ទៃដី ៩៨.១០២ហិចតា ។ ២. សាងសង់ផ្លូវមេ ចេញពីផ្លូវ ៥០C ចូលមកកំពង់ផែត្រង់ចំណុចរង្វង់មូលថ្ម៤ដុំ ដោយចាក់បេតុង ប្រវែង២៨៣០ម៉ែត្រ និងពីរង្វង់មូល ដល់មាត់ទន្លេ ប្រវែង១២០០ម៉ែត្រ ។ ៣. ចាក់ដីក្នុងទីតាំងស្តុកទំនិញ និងអគារ ទំហំ៣០ហិចតា និង សម្រាប់ធ្វើ ផែថ្ម ផ្ទេរទំនិញចូល សាឡង់ ទំហំ៩.៧ហិចតា។ ៤. មានលិខិតអនុញ្ញាតរបស់ក្រសួងពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុក្រឹត្យ លេខ១៤៥ អនក្រ.បក ៕