រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃ គ.ជ.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីចំណេះដឹងលើការងារគ្រប់គ្រងសភាពការណ៍លើដែនសមុទ្រ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់លើផ្ទៃសមុទ្រ ក្នុងការទប់ស្កាត់ និងការប្រឆាំងបទល្មើសលើផ្ទៃសមុទ្រ ក្នុងតំបន់ និងអន្តរជាតិ ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ត្រូវ ៖
-យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ និងក្រេបយកចំណេះដឹង ទាំងទ្រឹស្តី និងបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពជំនាញ
-មានអាកប្បកិរិយា និងក្រមសីលធម៌ក្នុងពេលសិក្សា
-រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ
-ធ្វើការស្រាវជ្រាវបន្ថែម ដើម្បីបង្កើនការយល់ដឹងឲ្យបានទូលំទូលាយ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដែលជាមូលដ្ឋាន ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលជាតិ មកពីបណ្តាអង្គភាព និងវរសេនាតូចទាំងអស់ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ៕