ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិសិត្ស ដែលទើបតែចេញមកពីសាលានគរបាលជាតិភូមិភាគ៦ ដើម្បីចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្តែង នៅអង្គភាពសាមីនីមួយៗចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សរុបចំនួន ២៧នាក់ (ស្រី១៧នាក់) និងដោយមានការចូលរួមពី លោក-លោកស្រីស្នងការរង លោកនាយការិយាល័យ ព្រមទាំងលោក លោកវរសេនីយ៍ អនុសេនីយ៍ ចំណុះការិយាល័យបណ្តុះបណ្តាលផងដែរ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសួរសុខទុក្ខ អំពីការវិវត្តនៃការសិក្សារបស់ប្អូនៗ សិស្សនិសិត្ស ដែលទើបតែចុះកម្មសិក្សា និងអនុវត្តការងារជាក់ស្តែងនាពេលនេះ។
ជាបន្តលោកក៏បានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីឲ្យប្អូនៗសិក្ខាកាមទាំង២៧រូប យកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រង់ត្រាប់តាមការណែនាំពីមន្រ្តីនគរបាលចាស់ៗព្រោះពួកគាត់សុទ្ធសឹងតែជាមន្ត្រីដែលមានបទពិសោធន៍ និងស្នាដៃច្រើនរាប់មិនអស់ជូនជាតិមាតុភូមិ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ។
ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់ប្អូនៗសិស្សនិសិត្សឲ្យជួបប្រទះតែសេចក្ដីសុខ សុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច៕