កំពង់ធំ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៨ លើកទី ០២ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ត ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាថ្ងៃនេះ លោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល សាកសួរសុខទុក្ខ សុខុមាលភាព របស់ប្អូនៗ នាឱកាសនេះ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាពេលកន្លងមក ហើយត្រូវបានប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាល ចាត់បញ្ជូនឲ្យចុះធ្វើកម្មសិក្សា នៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តាមគោលដៅរៀងៗ ខ្លួន គឺដើម្បីផ្សារភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ដើម្បីសម្រេចបានលទ្ធផលស្រប តាមផែនការ របស់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្នងការ ផ្ដាំផ្ញើ ដល់ប្អូនៗ ត្រូវ÷ ១.គោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិ, ២. សាមគ្គីភាព,៣.យកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា ទទួលយក បទពិសោធន៍ ចំណេះដឹង ក្នុងការបំពេញភារកិច្ច ជាប្រចាំថ្ងៃ របស់ថ្នាក់ដឹកនាំ តាមគោលដៅនីមួយៗ យកអស់កម្លាំងកាយចិត្ត ខិតខំ ប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តសម្រេចជោគជ័យ តាមការរំពឹងទុក ។
លោកស្នងការ សង្ឃឹមជឿជាក់ថា បន្ទាប់ពីប្អូនៗ បញ្ចប់វគ្គបណ្ដុះបណ្ដាល នាពេលខាងមុខ វិលត្រលប់មកបម្រើការងារនៅអង្គភាពវិញ នាំយកចំណេះដឹង បទពិសោធន៍ ចូលរួមអនុវត្ត តួនាទី ភារកិច្ចជំនាញ សម្រេចជោគជ័យ ស្រមតាមគោលនយោបាយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក សេង វណ្ណគីម នាយការិយាល័យបណ្តុះបណ្តាល បានឲ្យដឹងថា សិស្សនាយនគរបាល – សិស្សនាយនគរបាលរងចំនួន ២៧ នាក់ ស្រី ១០ នាក់ ដែលកំពុងសិក្សា ត្រូវចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្ដែងចាប់ពីថ្ងៃទី ២៦ ខែ សីហា ដល់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៤ ៕