General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី អំពាវនាវភ្នាក់ងារសន្ដិសុខឯកជន កុំចាញ់បោកការញុះញង់រប​ស់ក្រុមប្រឆាំងជ្រុលនិយម ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា

Loading

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ កុំចាញ់បោកការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងប្រឌិតរឿងលាបពណ៌មកលើរាជរដ្ឋាភិបាលកម្ពុជា។ ផ្ទុយទៅវិញ ត្រូវតែជឿជាក់លើក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៣ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានផ្សព្វផ្សាយអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ជាតិ និងកៀរគរអ្នកវិនិយោគមករកសីបណ្ដាក់ទុន។ ជាពិសេសកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA ជាគម្រោងដ៏សំខាន់ក្នុងការអភិវឌ្ឍ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា គម្រោងទាំងអស់នេះ មិនដូចក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ដែលបានលាបពណ៌ថាបានកាត់ដឹកដីទៅឲ្យប្រទេសជិតខាងឡើយ ហើយថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមបានកៀរគរ និងបោកបញ្ឆោតប្រជាពលរដ្ឋ មូលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថាការដាក់គម្រោងCLV-DTA នេះ ធ្វើឲ្យបាត់បង់ទឹកដី៤ខេត្ត ទៅឲ្យវៀតណាម ដើម្បីប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងការអនុវត្តគម្រោងបដិវត្តពណ៌ និងការធ្វើវិទ្ធង្សនា ក្នុងចេតនាបំផ្លេចបំផ្លាញជាតិ និងសុខសន្តិភាពក្នុងប្រទេស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ព្រមទាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ សាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន និងរួមគ្នា គាំទ្រនូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ DTA ជាមួយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យទទួលបានជោគជ័យ ដើម្បីប្រយោជន៍ជាតិមាតុភូមិទាំងមូល។

ឯកឧត្តមប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា ការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់នេះ ក៏មានការរីកចម្រើនលើវិស័យសន្តិសុខឯកជនផងដែរ ដើម្បីបំពេញតម្រូវការនូវការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមទីតាំង ឬគោលដៅ របស់អ្នកវិនិយោគ និងប្រជាពលរដ្ឋទាំងមូល។ វិស័យសន្តិសុខឯកជននេះ បានដើរតួនាទីជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និង ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តថា នេះជាលើកទី៦៣ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ រួមមាន៖  តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងវិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ ការសង្គ្រោះបឋម និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕