ព្រៃវែង៖ ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្ត ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើង ពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ង ធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពី ថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗ ចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជា ត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើង នៅប្រទេសបង់ក្លាដេស នោះទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្ត រាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។
ក្នុងន័យនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង នៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខ បានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យ ការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ ដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕