បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជម្រុញដល់កងកម្លាំងនគរបាល ទាំងត្រូវពង្រឹងការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម គ្រប់គោលដៅ ដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះសម្បត្តិរួចរាល់ ដើម្បីទប់ស្កាត់ក្រុមបង្កចលាចលសង្គម ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ៕