ខេត្តព្រះសីហនុ៖ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងបែបនេះសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសរសើរសម្រាប់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្តីណែនាំលេខ០០៨ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពជនបង្គោលមិត្តអប់រំមិត្តចូលរួមផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន អេដស៍ ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្ត
ក្នុងនាមថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណ និងផ្តល់បទបង្ហាញ ផ្តល់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប្រយោជន៍ការប្រើប្រាស់ App Nodrug៖https://nodrugsnacd.com/download។
ថ្លែងក្នុងនាមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុយ ហានសុង បានមានថ្លែងថា និយោជក និងនិយោជិកត្រូវតែរួមគ្នាធ្វើឱ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាស គ្រឹះស្ថាន ដោយនិយោជកត្រូវបន្តសហការជាមួយកម្មករនិយោជិត សហជីពដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅតាមសហគ្រាស គ្រឹះស្ថាន បន្តរួមគ្នាផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន អេដស៍ ។ ប្រសិនបើមានករណីជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវចាត់ទុកជាកំហុសធ្ងន់និងត្រូវចាត់វិធានការតាមច្បាប់ស្តីពីការងារនិងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច”សហគ្រាស គ្រឹះស្ថានស្អាតស្អំគឺគ្មានគ្រឿងញៀន ” ។
ឯកឧត្តម ហ៊ុយ ហានសុង បានបន្តថា គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើការត្រួតពិនិត្យលក្ខខណ្ឌវាយតម្លៃ និងលើកសរសើរដល់អង្គភាពស្អាតស្អំគ្មានបញ្ហាគ្រឿងញៀន ឬ បុគ្គលណាដែលមានស្នាដៃក្នុងការអនុវត្តការងារ៕