រាជធានីភំ្នពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំ រៀបចំក្រុមការងារ ដើម្បីរៀបចំកិច្ចដំណើរការសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានសេនាធិការ លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ លោកឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យចំណុះសេនាធិការដ្ឋានជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ មានប្រសាសន៍ថា ដើម្បីរៀបចំកិច្ចដំណើរការសិក្ខាសាលា (ទាំងមុនពេល ក្នុងពេល និងក្រោយពេលសិក្ខាសាលា) ពាក់ព័ន្ធតួនាទី ភារកិច្ចរបស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនង ជាមួយស្ថាប័នតុលាការ នៅខាងមុខនេះ សេនាធិការដ្ឋាន បានរៀបចំក្រុមការងារចំនួន ០៣ក្រុមរួមមាន ៖
*ក្រុមការងារទី១ ទទួលខុសត្រូវរួម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការ អមដោយអនុប្រធាន ២រូប និងសមាជិកមួយចំនួន។
*ក្រុមការងារទី២ គឺក្រុមពិធិការ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សិទ្ធ ប៊ុនធី អនុប្រធានសេនាធិការ អមដោយអនុប្រធាន ២រូប និងសមាជិកមួយចំនួន។
*ក្រុមការងារទី៣ គឺក្រុមការងារផ្គត់ផ្គង់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ហ៊ុយ ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ អមដោយអនុប្រធាន ១រូប និងសមាជិកមួយចំនួន។
ក្រុមការងារទាំង ៣ខាងលើ មានតួនាទីភារកិច្ចទទួលខុសត្រូវរៀងៗខ្លួន។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន បានលើកទឹកចិត្ត និងបានណែនាំឲ្យក្រុមការងារនីមួយៗខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ដើម្បីធ្វើឲ្យសិក្ខាសាលាស្តីពីតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ ដែលគ្រោងធ្វើនៅពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក ៕