រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានដឹកនាំសហការី រួមជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទៅទទួលយកអាវុធចំនួន ១ដើម ម៉ាក CF98-9 ពីលោកជំទាវ សៀន រី ត្រូវជាភរិយាសព ឯកឧត្តម ទេស ហេង ទីប្រឹក្សាគណកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ មានអាស័យដ្ឋាន សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានស្ម័គ្រចិត្តប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគ្រប់គ្រងបន្ត បន្ទាប់ពីមរណភាពរបស់ស្វាមី។
ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ទោ សែម គន្ធា បាននាំយកបច្ច័យដ៏ថ្លៃថ្លាចំនួន ៦លានរៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ចូលរួមរំលែកទុក្ខជាមួយលោកជំទាវ សៀន រី និងបានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគ្រប់គ្រងរក្សាទុក។
លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានចាត់កាយវិការរបស់លោកជំទាវ គឺជាគំរូដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដទៃទៀត និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាវុធលាក់ទុកខុសច្បាប់ សូមប្រញាប់យកមកប្រគល់ជូនកម្លាំងមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង ជៀសវាងប្រឈបនឹងច្បាប់៕